ប្រសិនបើយើងបានទៅទស្សនាដល់ ប្រាង្គប្រាសាទអង្គវត្តដ៏ល្អវិសិដ្ឋ របស់ប្រទេសកម្ពុជានោះ មហាជនទាំងឡាយរមែងមានការជក់ចិត្តចាប់អារម្មណ៍ជាពន់ពេក ទៅលើទឹកដៃចម្លាក់ក្បាច់ក្បូរដ៏វិចិត្រ។ ប៉ុន្តែក្រៅអំពីតម្លៃសោភ័ណខាងស្ថាបត្យកម្មនេះ ប្រសិនបើនរជនដែលជាអ្នកសិក្សាបានជ្រៅជ្រះ រមែងផ្តោតអារម្មណ៍ទៅលើអត្ថន័យ ដែលបង្កប់នៅពីក្រោយចម្លាក់ថ្ម ទាំងនោះគឺជាការលាតត្រដាង សង្គ្រាមដ៏អស្ចារ្យមួយរវាងមនុស្ស យក្ស និងទេវៈ ពោលគឺរឿង«រាមកេរ្តិ៍»។ ជាការពិតណាស់ថា រឿងនេះត្រូវបានជ្រាបចូលមកក្នុងប្រទេសកម្ពុជា តាំងពីយូរលង់ណាស់មកហើយ គឺមុនសម័យមហានគរទៅទៀត ដូច្នេះហើយទើបពេលកសាងប្រាសាទអង្គរវត្ត បុព្វបុរសខ្មែរអាចចារឹករឿង នៅលើផ្ទាំងសិលាបានយ៉ាងល្អឥតខ្ចោះ សបញ្ជាក់ថា គាត់មានការចេះចាំសាច់រឿង ស្ទាត់ជំនាញខ្លាំងណាស់។ប៉ុន្តែបើក្រឡេកឲ្យឆ្ងាយ យើងនឹងឃើញថា មិនមែនតែកម្ពុជានោះទេ ដែលមានរឿងនេះ គឺថារាមាយណៈ របស់ឥណ្ឌា បានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ពិសេសវាជះឥទ្ធិពលមកលើអាស៊ីអាគ្នេហ៍យើងនេះ។ មានប្រទេសជាច្រើន បានធ្វើការដកស្រង់មកបន្ថែមបន្ថយកែច្នៃ ទៅតាមពណ៌សម្បុររបស់ជាតិសាសន៍នីមួយៗ ដូចជា «ព្រះលក្ម្សណ៍ព្រះរាម»(ພຣະລັກພຣະຣາມ) របស់លាវ, «រ៉ាមគៀន» (รามเกียรติ์) របស់ថៃ, «រាមកេរ្តិ៍» នៅប្រាសាទអង្គរ… ។ល។ដោយហេតុថា អត្ថបទដកស្រង់ទាំងនេះសុទ្ធតែបានបង្កប់ នូវអត្តសញ្ញាណរបស់អ្នកប្រែ រៀងៗខ្លួន ទើបយើងនៅតែអាចទាញចេញបាន នូវលក្ខណៈដោយឡែកពីគ្នានៃសាសន៍ទាំងឡាយនោះ។
ស្របពេលនឹងស្ថានភាពដ៏គំហុក នៃការហូរចូលនូវវប្បធម៌បរទេស ដែលកំពុងពង្វក់សតិអារម្មណ៍កូនខ្មែរឲ្យភ្លើតភ្លើនទៅតាមទំនាញ ដ៏ងងឹតងងល់ពីសំណាក់បរទេស ទទួលយកវប្បធម៌ថ្មីដ៏ពិសពុល ដែលអ្នកដទៃគេប្រើប្រាស់ ដើម្បីជាសំណាញ់មកគ្របដណ្តប់ បំបិទដានប្រវត្តិសាស្ត្រ ធ្វើឲ្យខ្មែរវក់វីវង្វេងវង្វាន់ លែងដឹងលែងស្គាល់នូវអ្វីដែលជារបស់ខ្លួន យល់ខុសថាខ្លួនឯងជាជាតិអន់ថយ ផ្ទុយស្រឡះពីពូជពង្សាវតារ នៃអ្នកកសាងមហានគរដ៏ស្កឹមស្កៃ។ដូច្នេះដើម្បីបង្ហាញឲ្យឃើញថា រឿង«រាមកេរ្តិ៍»ខ្មែរ មានលក្ខណៈខុសប្លែកពីរឿង«រាមកេរ្តិ៍» បរទេសត្រង់ណាខ្លះនោះ អាចម៍ផ្កាយ សុំលើកយករឿងបរទេសទាំងនោះមកបង្ហាញជូនម្តងមួយៗ ដើម្បីកូនខ្មែរបានសិក្សាប្រៀបធៀបស្វែងរកលក្ខណៈ ដាច់ដោយឡែកពីគ្នាឲ្យឃើញ ចៀសវាងការភាន់ច្រឡំទៅថ្ងៃក្រោយ។តែក្នុងឱកាសនេះ អាចម៍ផ្កាយ សុំលើកយកតែរឿង«រ៉ាមគៀន»( รามเกียรติ์) របស់ថៃមកសិក្សាសិនប៉ុណ្ណោះ ឱកាសក្រោយនឹងលើកយករឿង«ព្រះលក្ម្សណ៍ព្រះរាម»(ພຣະລັກພຣະຣາມ) របស់លាវមកសិក្សាម្តង។
- ប្រភពរឿងរ៉ាមគៀន
តាមឯកសារ«Thai Ramayana» ដែលបកប្រែជាភាសាអាឡឺម៉ង់ ហើយបោះពុម្ពដោយChalermnit Bookshop. 1-2 Erawan arcads, Bangkok បានសរសេរថា រឿងដើមរបស់រ៉ាមគៀន ត្រូវបានកវីថៃបកប្រែពីរឿង«រាមាយណៈ» របស់ឥសីវាល្មិគិ ជាភាសាបាលីសំស្រ្កឹត ហើយវាល្មិគិបានសរសេរឡើងនៅប្រហែល ២០០០ឆ្នាំមុន។ អត្ថបទរបស់ថៃដែលសរសេរឡើងវិញនេះ នៅតែល្បីល្បាញដល់បច្ចុប្បន្ន ប៉ុន្តែស្នាដៃដែលមានលក្ខណៈពេញលេញគ្រប់គ្រាន់ជាងគេ គឺ«រ៉ាមគៀន»ដែលសរសេរដោយ ស្តេចរ៉ាម៉ាទី១(១៧៨៨-១៨០៩) ជាអ្នកបង្កើតទីក្រុងបាងកកមុនគេ និងជាអ្នកបង្កើត របបរាជានិយមតាមបែបបច្ចុប្បន្ននេះ កាលពី១៧០ឆ្នាំមុន ឬក្នុងឆ្នាំ១៨០៧។ រឿងនេះត្រូវបានសរសេរជាកំណាព្យ ហើយដំណើររឿងនេះ ក៏ត្រូវបានគេឆ្លាក់នៅប្រាសាទព្រះកែវមរកត នៅក្នុងរាជវាំងទីក្រុងបាងកកទៀតផង។ក្រៅពីនេះ យើងឃើញនៅមានការឯកភាពគ្នាដែរ ចំពោះឯកសារ «History of Thai Literature» ដែលបោះពុម្ពនៅឆ្នាំ១៩៩២ បានបញ្ជាក់ថា ស្តេចរ៉ាម៉ាគឺជាមហាកវី នៃរឿងវីរកថា«រាមាយណៈ» ដែលជារឿងត្រូវបានគេអាននិងសម្តែងដល់បច្ចុប្បន្ន។ រឿងនេះត្រូវបានចម្លងមកពីវីរកថាដើមរបស់វាល្មិគិ ប៉ុន្តែមនោសញ្ចេតនានៃរឿង និងហេតុការណ៍លំអិតតាំងឡាយ ត្រូវបានគេផ្លាស់ប្តូរដើម្បីសម្របទៅនឹងប្រវត្តិការណ៍នៃបច្ចុប្បន្នភាព។ ព្រះរាជាបានជាប់ទាក់ទងយ៉ាងខ្លាំងក្លានឹងសង្គ្រាម ដូច្នេះរឿងនេះ ពិតជាបានជាប់ទាក់ទងនឹងរឿងចំបាំងផ្ទាល់ខ្លួន, ឆាកស្នេហា និងទម្រង់សណ្តាប់ធ្នាប់ទាំងឡាយ នៃសង្គមដែលបានកើតមានរៀងរាល់ថ្ងៃជុំវិញព្រះអង្គ។
- កាលបរិច្ឆេទរឿងរ៉ាមគៀន
តាមសៀវភៅ«Thai Literature» ដែលបកប្រែពីភាសាអាឡឺម៉ង់ដោយErich-W-Reinhold បានសន្និដ្ឋានថារឿង«រ៉ាមគៀន»របស់ថៃ សរសេរឡើងនៅចុងសតវត្សទី១៨ ដោយស្តេចរ៉ាម៉ាទី១ នៃសម័យកាលបាងកក(១៧៨២-១៩៣២) ដែលបានកាន់អំណាចពីឆ្នាំ(១៧៨៨-១៨០៩)។ ប៉ុន្តែតាមឯកសារមួយផ្សេងទៀត(Ramakien) បានបញ្ជាក់ថា នៅប្រទេសថៃគេមានការយល់ដឹងអំពីរឿងរាមាយណៈ តាំងពីសម័យសុខោទ័យ និងអាយុធ្យាមកម្ល៉េះ ប៉ុន្តែគ្រាន់តែដឹង មិនទាន់មានជាឯកសារកត់ត្រាបកប្រែនៅឡើយ។ អតីតរាជធានីចាស់ត្រូវបានបោះបង់ចោល ហើយរាជធានីថ្មីនៃប្រទេសថៃ(ក្រុងបាងកក) ក៏បានកើតឡើងនៅឆ្នាំ១៧៨២ ហើយរាជាទី១នៃរាជធានីបាងកក ក៏បានប្រែនិងចងក្រងជាឯកសាររឿង«រ៉ាមគៀន» នេះឡើង។ តាមឯកសារដដែលបានបញ្ជាក់ថា នៅប្រទេសខ្មែរមានការចេះចាំរឿងនេះ ហើយបានឆ្លាក់នៅលើថ្ម តាំងពីសតវត្សទី៧មកម្ល៉េះ។ ដូច្នេះយើងបានមើលឃើញច្បាស់ថា ប្រទេសខ្មែរបានចម្លងរឿងរាមាយណៈ មុនប្រទេសថៃជាច្រើនសតវត្ស។
តាមទស្សនៈរបស់លោកអៀវកើស ក្នុងសៀវភៅ«ភាសាខ្មែរ» ដែលបោះពុម្ពផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានទាញបញ្ញាក់ថា រឿងរាមកេរ្តិ៍សៀមមិនមែនសៀមប្រែពីសំស្ក្រឹតដោយផ្ទាល់ទេ គឺប្រែពីខ្មែរសម័យក្រោយអង្គរ ដោយសម្អាងតៅលើការប្រើប្រាស់ពាក្យពេចន៍ដូចជាពាក្យ«ផ្កាយព្រឹក» ដែលនិយាយត្រង់វគ្គវៃយរាពណ៍ លួចយកព្រះរាម នាំទៅបាតាល។ វៃយរាពណ៍ ឡើងទៅលើកំពូលភ្នំ គ្រវីបំពង់កែវឲ្យមានពន្លឺដូចផ្កាយព្រឹក បញ្ឆោតពួកពលស្វា ឲ្យស្មានថាជិតភ្លឺ ហើយឈប់ទៅយាមទៀត ព្រោះពិភេក ទាយថាដល់ភ្លឺព្រះរាម នឹងអស់គ្រោះថ្នាក់។ ក្នុងសៀវភៅរាមកេរ្តិ៍សៀម(បទល្ខោនរឿងរាមកេរ្តិ៍ ក្បាលទី១ទំព័រ១៨២) ពាក្យថា«ផ្កាយព្រឹក» សៀមសរសេរថា«ដាវប្រះកាយព្រឹក្ស»។ ពាក្យ«ដាវ» ជាភាសាសៀម មានន័យថា«ផ្កាយ»។ ពាក្យ«ប្រះកាយ» គឺសំដៅលើពាក្យខ្មែរ«ផ្កាយ»។ ដូច្នេះ«ដាវប្រះកាយព្រឹក្ស» មានន័យថា «ផ្កាយផ្កាយព្រឹក» នេះសបញ្ជាក់ថាអ្នកចម្លងដែលខ្ចីពាក្យខ្មែរ យកទៅប្រើ មិនស្គាល់ឬចេះឲ្យបានប្រាកដ ថែមទាំងកាឡៃពាក្យ«ព្រឹក» របស់ខ្មែរដោយបន្ថែមទៅជា«ព្រឹក្ស» ដើម្បីកុំឲ្យគេថាសៀមខ្ចីពីខ្មែរទៅ។ការបកស្រាយបែបនេះ ក៏ត្រឹមត្រូវម្យ៉ាងដែរ ផ្អែកទៅលើនិរុត្តិសាស្ត្រ ហើយបើយើងគិតទៅតាមកាលបរិច្ឆេទនៃរឿង យើងឃើញថា រឿងរ៉ាមគៀនរបស់ស្តេចរ៉ាម៉ាទី១ តែងឡើងក្រោយពេលដែលសៀមវាយបែកបន្ទាយលង្វែក(ចុងសតវត្សតី១៦) ស្របនឹងទស្សនៈទាំងឡាយដែលថា សៀមបានបញ្ជូនឯកសារខ្មែរ រួមទាំងរឿងរាមកេរ្តិ៍ ទៀតផង ទើបធ្វើឲ្យរាមកេរ្តិ៍ខ្មែរ ត្រូវបាត់ពីខ្សែតី១១ ដល់ខ្សែទី៧៤។
- អ្នកនិពន្ធ រឿងរ៉ាមគៀននិងស្នាដៃ
អ្នកនិពន្ធរឿង«រ៉ាមគៀន» ( รามเกียรติ์) ដែលជាអត្ថបទគ្រប់គ្រាន់ពេញលក្ខណៈ គឺព្រះបាទរ៉ាម៉ាទី១ ក្នុងរាជវង្សចក្រីនៃសម័យកាលបាងកក។ ទ្រង់បានសោយរាជ្យក្នុងកំឡុងឆ្នាំ១៧៨៨-១៨០៩ ត្រូវបានគេកត់ត្រាក្នុងរាជពង្សាវតារថា ជារដ្ឋបុរស អ្នកនយោបាយ និងទាហានក្នុងពេលតែមួយ។ ទោះបីជាយ៉ាងណាក៏ដោយ ចំណេះដឹងគ្រប់យ៉ាងនេះ ជារឿងធម្មតាសម្រាប់ស្តេចថៃ ដើម្បីឲ្យទ្រង់មានទំនោរចិត្តទៅខាងអក្សរសាស្ត្រ ដើម្បីផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ ល្អរបស់ព្រះរាជា។ រ៉ាម៉ាទី១ជាអ្នកគ្រប់គ្រងទាហាន និងរៀបចំបានយ៉ាងជោគជ័យ ដែលបន្តរហូតដល់បុត្ររបស់ទ្រង់ ព្រះនាមPhra Phuthaloetle ដែលកាន់អំណាចជារ៉ាម៉ាទី២(១៨០៩-១៨២៤) ។រ៉ាម៉ាទី១មានជីវិតពោរពេញដោយបញ្ហាសង្គ្រាម ចម្បាំង ដណ្តើមអំណាចគ្នាក្នុងរជ្ជកាលរបស់ទ្រង់។ ទ្រង់បានប្រឹងប្រែងធ្វើឲ្យប្រទេសមានឯករាជ្យ សេរីភាព រួចផុតពីការលុកលុយរបស់ភូមា ហើយនឹងកសាងឡើងវិញនូវ សមិទ្ធិផលជាច្រើនដែលត្រូវបានបំផ្លាយដោយសារសង្គ្រាម បន្ទាប់ពីការធ្លាក់ចុះនៃអយុធ្យា។ មិនតែប៉ុណ្ណោះក្នុងចន្លោះពេលនៃសង្គ្រាមនេះ ទ្រង់បានឆ្លៀតឱកាសបង្កើតផ្នែកសំខាន់មួយ នៃអក្សរសាស្រ្តថៃ ដែលត្រូវបានគេយកមកអាន និងសិក្សាដល់បច្ចុប្បន្ននេះ។សមិទ្ធិផលនានាក្រៅអំពីសង្គ្រាម និងការរៀបចំប្រទេស រ៉ាម៉ាទី១បានរៀបចំតែងជាឈុតឆាកល្ខោន សម្រាប់សម្តែង ស្តីអំពីវីរកថា និងរឿងសំខាន់មួយទៀតគឺ «Anirut Khamchan» និង រឿង«រ៉ាមគៀន» ដែលជាវីរកថាដិតដាមនៅក្នុងសតិអារម្មណ៍ជនជាតិថៃជាងគេ ជាអត្ថបទប្រវត្តិសាស្ត្រ បន្តពីរាជវង្សចក្រីពីររូបគឺ រ៉ាម៉ាទី១និងរ៉ាម៉ាទី២។ ការត្រួតពិនិត្យរៀបចំឈុតឆាក ត្រូវបានផលិតនិងបែងចែកជាផ្នែកដោយព្រះរាជាផ្ទាល់។ ការងារដែលមានប្រជាប្រិយក្រៅពីរឿង«រ៉ាមគៀន» រ៉ាម៉ាទី១បានតាក់តែងអត្ថបទល្ខោន«អ៊ីណូ(bot lakhon Inao)» (រឿងតែមួយនឹងអ៊ីណាវ ខ្មែរ?) ទាំងពីរនេះចាត់ទុកជាផ្នែកបុរាណ នៃរបៀបផ្ទាល់របស់គេ ដោយមានការរៀបចំសំណង់ឃ្លាប្រយោគច្បាស់លាស់ ពិសេសសមស្របនឹងតម្រូវការនៃឈុតសម្តែង។
ប្រភពដោយ
No comments:
Post a Comment